ប៉ៃលិន៖ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ទីតាំងអគារ ផ្ទះសំណាក់ ផ្ទះជួល សណ្ឋាគារ និងកាស៊ីណូ នៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ស្តីពីការចូលរួមអនុវត្ត យុទ្ធនាការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។កិច្ចប្រជុំនេះមានគោលបំណងសំខាន់ក្នុងការបង្កើនការយល់ដឹង បណ្តុះស្មារតីទទួលខុសត្រូវ និងពង្រឹងកិច្ចសហការរវាងម្ចាស់ទីតាំង អាជ្ញាធរ និងសមត្ថកិច្ច ដើម្បីរួមគ្នាការពារ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត បានណែនាំឲ្យម្ចាស់ទីតាំងទាំងអស់ យកចិត្តទុកដាក់ក្នុងការគ្រប់គ្រង និងត្រួតពិនិត្យអ្នកស្នាក់នៅឲ្យបានត្រឹមត្រូវ ស្របតាមបទប្បញ្ញត្តិជាធរមាន ព្រមទាំងលើកទឹកចិត្តឲ្យមានការទំនាក់ទំនង និងរាយការណ៍ជាប្រចាំជាមួយអាជ្ញាធរ ប្រសិនបើមានស្ថានភាព ឬសកម្មភាពគួរឱ្យសង្ស័យ។លោកជំទាវបណ្ឌិត បាន ស្រីមុំ បានគូសបញ្ជាក់ថា ការចូលរួមសហការពីម្ចាស់ទីតាំង និងវិស័យឯកជន គឺជាកត្តាសំខាន់ក្នុងការបង្កើតបរិយាកាសសង្គមមានសុវត្ថិភាព កាត់បន្ថយហានិភ័យនៃបទល្មើសបច្ចេកវិទ្យា និងធានាបាននូវភាពសុខសាន្ត សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស។យុទ្ធនាការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងការបង្កើនការណែនាំ ការសហការរួម និងការការពារសង្គម ស្របតាមទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕
វីដែអូ