(ស្វាយរៀង)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្វាយរៀងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ បានជូនដំណឹង ដល់ម្ចាស់កាស៊ីណូ (Casino) ស្របច្បាប់ ម្ចាស់អាផាតមិន ផ្ទះសំណាក់ សណ្ឋាគារ និងម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀងទាំងអស់ជ្រាបថា អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តនឹងចាត់ វិធានការបង្រ្កាបដោយមិនលើកលែង ចំពោះសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) រហូតដល់សកម្មភាពភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ត្រូវបានបោសសម្អាត ទាំងស្រុងក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ក្នុងន័យនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្នើសុំកិច្ចសហការប្រកបដោយភាពស្មោះត្រង់ ពីម្ចាស់កាស៊ីណូ (Casino) អាផាតមិន ផ្ទះសំណាក់ សណ្ឋាគារ និងម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ត្រូវចូលរួមកិច្ចសហការតាមការណែនាំដូចខាងក្រោម៖*១. ត្រូវផ្សព្វផ្សាយអំពីព័ត៌មាន នៃការបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យបានទូលំទូលាយក្នុងភូមិសាស្ត្រខេត្តស្វាយរៀង និងចូលរួមសហការផ្តល់ព័ត៌មានករណីសង្ស័យខាងលើ មកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុកឱ្យបានឆាប់រហ័ស*២. មិនត្រូវទទួលឱ្យស្នាក់នៅចំពោះជនបរទេស ដែលគ្មានឯកសារច្បាស់លាស់ ឬក្រុមជនសង្ស័យ ថាពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដែលរត់គេចពីតំបន់ផ្សេងៗ ឬអគារណាមួយដែលនៅជិតៗនោះ*៣. ចំពោះជន ឬក្រុមដែលជាមុខសញ្ញានៃក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ត្រូវបញ្ឈប់ការជួលឱ្យស្នាក់នៅក្នុងគ្រប់រូបភាពជាបន្ទាន់*៤. ក្នុងករណីមានការលួចលាក់ ផ្តល់ព័ត៌មានមិនពិត ឬភូតកុហកបិទបាំងក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ខាងលើរដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ ដោយគ្មានការលើកលែង ទៅលើម្ចាស់ទីតាំងល្មើស*៥. ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវសហការផ្តល់ព័ត៌មានពីករណីខាងលើ ដើម្បីចូលរួមជាមួយអាជ្ញាធរខេត្ត ក្រុង ស្រុក ក្នុងការចុះបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់។ទទួលបានសេចក្តីជូនដំណឹងនេះ សូមម្ចាស់កាស៊ីណូ (Casino) ម្ចាស់អាផាតមិន ផ្ទះសំណាក់ សណ្ឋាគារ ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ និងគ្រប់ភាគីពាក់ព័ន្ធ ចូលរួមកិច្ចសហការក្នុងការបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យទទួលបានលទ្ធផលល្អ និងស្មារតីទទួលខុសត្រូវខ្ពស់៕
វីដែអូ