ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ី អិន អឹម-098722274
អគ្គលេខាធិការ អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង កោតសរសើរពី ភាពជាអ្នកដឹកនាំរបស់សម្តេចតេជោក្នុងការស្វែងរកសន្តិភាពសម្រាប់កម្ពុជា ចេញផ្សាយ ថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០២៦
Mon,02 March 2026 (Time 02:25 PM)
ដោយ ៖ nounmesa (ចំនួនអ្នកអាន: 64នាក់)

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ១៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ( Organisation internationale de la Francophonie) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោកជំទាវ Louise Mushikiwabo ក្នុងការវិលត្រឡប់មកកាន់ប្រទេសកម្ពុជាសាជាថ្មី ក្នុងឱកាសលោកជំទាវបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចតេជោបានចាត់ទុកវត្តមានលោកជំទាវថាជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែក លើកទឹកចិត្ត និងគាំទ្រកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលគ្រោងធ្វើឡើងនៅក្នុងអំឡុងខែវិច្ឆិកាឆ្នាំ២០២៦ខាងមុខនេះ។

លោកជំទាវអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានអរគុណចំពោះសម្តេចតេជោ និងការបដិសណ្ឋារកិច្ចស្វាគមន៍ចំពោះលោកជំទាវនិងគណៈប្រតិភូនៅពេលនេះ។ លោកជំទាវបានរំលេចពេលដែលលោកជំទាវបានអញ្ជើញមកដល់កម្ពុជា គឺលោកជំទាវបានឃើញពីភាពរីកចម្រើនរបស់កម្ពុជា ជាពិសេសនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានថ្មីរបស់កម្ពុជា ដែលមានភាពស្រស់ស្អាត ហើយអាកាសយានដ្ឋាននេះកំពុងរង់ចាំប្រតិភូថ្នាក់ដឹកនាំបណ្ដាប្រទេសនៃអង្គការអន្តរជាតិ

ហ្វ្រង់កូហ្វូនី ដែលនឹងអញ្ជើញមកប្រទេសកម្ពុជាក្នុងកិច្ចប្រជុំកំពូលខាងមុខ។ លោកជំទាវបានចាត់ទុកកម្ពុជាគឺជាប្រទេសមួយដែលបានចូលរួមចំណែកដ៏សកម្មក្នុងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។ លោកជំទាវបានកោតសរសើរពី ភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ តាំងពីអតីតកាល និងការស្វែងរកសន្តិភាពសម្រាប់កម្ពុជា កាលពីសម្តេចនៅជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសបានដំណើរការ និងមានសន្តិភាពមកដល់ពេលបច្ចុប្បន្ននេះ។

សម្តេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវ។ សម្តេចតេជោបានបញ្ជាក់ថាកម្ពុជារង់ចាំការស្វាគមន៍នូវប្រតិភូអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នៅពេលខាងមុខ។សម្តេចតេជោបន្តថា បច្ចុប្បន្ននេះទោះបីជាពិភពលោកបន្តនូវសកម្មភាពដ៏ស្មុគស្មាញ ក៏ពិតមែន តែតាមរយៈនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនោះ សម្តេចសង្ឃឹមថានឹង ទទួលបានលទ្ធផលជោគជ័យល្អប្រសើរទុកជាប្រវត្តិសាស្ត្រក្នុងប្រទេសកម្ពុជាផង និងប្រវត្តិសាស្ត្រនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះផងដែរ។សម្តេចសង្ឃឹមថាលោកជំទាវ នឹងគាំទ្រដល់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ ។

លោកជំទាវ Louise Mushikiwabo បានសម្ដែងនូវការប្ដេជ្ញាចិត្តក្នុងការជួយគាំទ្រដល់កម្ពុជាក្នុងការរៀបចំនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ។ លោកជំទាវថាវត្តមានលោកជំទាវមកកាន់កម្ពុជានាពេលនេះ គឺជាការចូលរួមចំណែកក្នុងការសហការជាមួយកម្ពុជានៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។ នៅក្នុងបរិបទពិភពលោកដ៏ស្មុគស្មាញនេះ លោកជំទាវបានទទួលស្គាល់ពីភាពស្មុគស្មាញរបស់ពិភពលោកដែលតម្រូវឱ្យបណ្ដាប្រទេសនៅក្នុងអង្គការហ្វ្រង់កូហ្វូនី មានការគិតគូរចំពោះបញ្ហានេះផងដែរ ហើយសម្រាប់បរិបទប្រទេសកម្ពុជា លោកជំទាវក៏បានតាមដានផងដែរពីបញ្ហាព្រំដែនកម្ពុជា និងថៃ។ លោកជំទាវបានបញ្ជាក់ប្រាប់សម្តេចតេជោថា លោកជំទាវ អញ្ជើញមកប្រទេសកម្ពុជានៅពេលនេះ លោកជំទាវក៏នឹងឆ្លៀតទៅសួរសុខទុក្ខបងប្អូនជនភៀសខ្លួននៅព្រំដែនផងដែរ ។

សម្តេចតេជោបានសម្ដែងនូវការអរគុណចំពោះការចាប់អារម្មណ៍របស់លោកជំទាវ ដែលមានបំណងគ្រោងទៅជួបបងប្អូនជនភៀសខ្លួននៅព្រំដែន។

សម្តេចបានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកជំទាវនៅកម្ពុជា ជាពិសេសការគ្រោងទៅសួរសុខទុក្ខបងប្អូនភៀសសឹក គឺជាការបង្ហាញយ៉ាងច្បាស់ នូវជំហររបស់លោកជំទាវក្នុងការគាំទ្រដល់សន្តិភាពដែលមិនចង់ឃើញសង្គ្រាមកើតឡើង។ សម្តេចតេជោក៏បានផ្ញើសារតាមរយៈលោកជំទាវថា សូមឱ្យថ្នាក់ដឹកនាំដែលត្រូវអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំខាងមុខនោះ សូមកុំមានការព្រួយបារម្ភ ត្បិតកម្ពុជាមានបញ្ហាជម្លោះព្រំដែនជាមួយថៃតែមិនជះឥទ្ធិពលដល់កិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់ខាងមុខនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានជូនពរឱ្យលោកជំទាវ និងប្រតិភូទទួលបានជោគជ័យក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលនេះ៕ ដោយ៖ កន ចំណាន

វីដែអូ